គួរ​ធ្វើ​យ៉ាង​ណា​ទើប​ក្លាយ​ជា​នារី​ដ៏​រឹង​មាំ?

0
206

កាល​ពី​​ប៉ុន្មាន​សត​វត្សរ៍មុន ស្រ្តី​មិន​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ឲ្យ​នោះ​ទេ​ សូ​ម្បី​តែ​សិទ្ធ​បោះ​ឆ្នោត​ក៏​ពុំ​មាន​ដែរ​។ ​ប៉ុន្តែនៅ​ដើម​សតវ​ត្សរ៍ទី 20​ ក្នុង​ឆ្នាំ ​1911 ទិវា​សិទ្ធ​នា​រី​អន្តរ​ជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​លើក​ដំបូង​នៅ​ទីក្រុង​ Copenhagenក្នុង​ប្រទេស​ Denmark ហើយ​​បើ​​រាប់​​មក​​ដល់​ថ្ងៃ​ទី ​8​ ខែ​ មិនា​ ឆ្នាំ​ 2012 ខាង​មុខ​នេះ​ ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​ នឹង​គំរប់​ខួប​ 101​ ឆ្នាំ​ហើយ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នារីៗ​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មនុស្ស​ទន់​ខ្សោយ​ក្នុង​សង្គម​ដដែល​។ ដូច្នេះ​ហើយ​ ដើម្បី​អបអរ​សាទរ​ចំពោះ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​ ដែល​កំពុង​ខិត​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ​ ទស្សនា​វដ្តី ​ទូរស័ព្ទ​សូម​លើក​យក​ប្រធាន​បទ​មួយ​ទាក់​ទង​នឹង​នារី ​ដោយ​មាន​ចំណង​ជើង​ថា​ គួរ​ធ្វើ​យ៉ាង​ណា​ទើប​ក្លាយ​ជា​នារី​ដ៏​រឹងមាំ?​

1- កុំ​ធ្វើ​ខ្លួន​ជា​ស្រ្តី​វិល​ចង្រ្កាន​មិន​​ជុំ

មនុស្ស​ក្នុង​សង្គម​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ​ តែង​តែ​ចូល​ចិត្ត​និយាយ​ថា​ ស្រ្តី​វិល​ចង្រ្កាន​មិន​ជុំ ដែល​មាន​ន័យ​ថា​ ការងារ​របស់​ស្រ្តី​ គឺ​នៅ​ក្នុង​ចង្រ្កាន​ ធ្វើម្ហូប​ឲ្យ​ស្វាមី​ កូន​និង​ក្រុម​គ្រួសារ​ទទួល​ទាន​។ ​ឯ​ការងារ​ស្រ្តី​មួយ​ចំនួន​ទៀត​គឺ មើល​ថែរ​ក្សា​ផ្ទះ​សំបែង ឬ​បុត្រា​បុត្រី​ និង​បំពេញ​តំរូវ​ការ​របស់​ស្វាមី​ជាដើម​។ ហេតុ​ដូច​នេះ​ ដើម្បី​តាំង​ខ្លួន​ជា​នារី​ដ៏រឹង​មាំ សុភាព​នារី​ទាំង​ឡាយ​មិន​ត្រូវ​ធ្វើ​ខ្លួន​ជា​ស្រ្តី​វិល​ចង្រ្កាន​មិន​ជុំ​នោះ​ទេ​ ហើយ​ងាក​មក​ធ្វើ​ការ​ងារ​ក្រៅ​ផ្ទះ​ដើម្បី​រក​ប្រាក់​ចំណូល​មក​ផ្គត់​ផ្គង់​គ្រួសារ​ដូច​ស្វាមី​វិញ​ម្តង។​

2- កុំ​ធ្វើ​តាម​តែ​អ្នក​ដទៃ​បញ្ជា​

ការ​ធ្វើ​តាម​អ្នក​ដទៃ​បញ្ជា​ ឬ​ធ្វើ​ត្រាប់​តាម​ទង្វើ​រ​​បស់​គេ​ គឺ​ជា​រឿង​មួយ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​នឿយ​ហត់​ និង​មាន​អារម្មណ៍​ធុញ​ទ្រាន់​។ ​អាស្រ័យ​ហេតុ​នេះ​ ដើម្បី​ក្លាយ​ខ្លួន​ជា​នារី​ដ៏​រឹង​មាំ​បាន ​លុះ​ត្រា​តែ​សុភាព​នារី​ទាំង​ឡាយ​ចេះ​បញ្ជា​គំនិត​ ឬ​ផ្តល់​យោបល់ ​ដោយ​មិន​ចាំ​បាច់​ធ្វើ​តាម​ពាក្យ​បញ្ជា​របស់​អ្នក​ណា​ម្នាក់​តែ​ម្យ៉ាង​ ឬ​ព្យាយាម​ធ្វើ​អ្វី​មួយ​ ដែល​ផុស​ចេញ​ពី​គំនិត​របស់​ខ្លួន​ឯង​ផ្ទាល់ ទាំង​ក្នុង​ពេល​បំពេញ​ការងារ​ និង​ការ​ប្រើប្រាស់​ជីវិត​ប្រចាំ​ថ្ងៃ​ រួច​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​នោះ​ទេ​។​

3- បង្ហាញ​អារម្មណ៍​ពិត​ប្រាកដ​របស់​ខ្លួន​

​​​​​​​​         ក្នុង​ការ​ធ្វើខ្លួនជានារីដ៏រឹងមាំ សុភាព​នារី​ទាំង​ឡាយ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ពី​អារម្មណ៍​ពិត​ប្រាកដ​របស់​ខ្លួន​ ហើយ​ធ្វើការ​បង្ហាញ​ពី​អារម្មណ៍​នោះ​ចេញ​មក​។ ​ករណី​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ សុភាព​នារី​គួរ​សើច​ចេញ​មក​ឲ្យ​អស់​ពី​ចិត្ត​ រួច​ករណី​មាន​ទុក្ខ​សោក​សៅ​វិញ ​សុភាព​នារី​ក៏​គួរ​តែ​បង្ហាញ​ទឹក​មុខ​ក្រៀម​ក្រំ​នោះ​ចេញ​មក​ផង​ដែរ​។ ​មិន​ចាំ​បាច់​សើច​សប្បាយ​ទាំង​ ដែល​អារម្មណ៍​ខាង​ក្នុង​កំពុង​ទុក្ខ​ព្រួយ​នោះ​ឡើយ​។

4- ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​អ្នក​ដទៃ​ទាញ​ផល​ប្រយោ​ជន៍​ពី​អ្នក​

ករណី​នេះ​ មិន​មែន​កើត​ឡើង​ចំពោះ​តែ​បុរស​ភេទ​នោះ​ទេ​ ព្រោះ​​សុភាព​​នារី​​ក៏​​ទទួល​​រង​​អំពើ​​បែប​​នេះ​​ច្រើន​​ផង​​ដែរ​​។ ​អ្នកដែល​អាច​​ទាញ​​ផល​​ប្រយោ​ជន៍​​ពី​​សុភាព​​នារី​​បាន​​ អាច​​ជា​​ចៅ​​ហ្វាយ​​នាយ​​ មិត្ត​​រួម​​ការ​ងារ​​ មិត្ត​ភក្តិ​ និង​មនុស្ស​ទូ​ទៅ ដែល​កំពុង​ទាក់​ទង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​សង្គម​។ ដូច្នេះ​ហើយ​ សុភាព​នារី​ត្រូវ​មាន​ភាព​វ័យ​ឆ្លាត​ ក្នុង​ការ​មើល​ថា​ អ្នក​ណា​អាច​ទុក​ចិត្ត​បាន ហើយ​អ្នក​ណា​មិន​អាច​ទុក​ចិត្ត​បាន​តែ​មិន​ត្រូវ​អង្គុយ​សង្ស័យ​ចំពោះ​អ្នក​នេះ​ ឬ​អ្នក​នោះ​ផ្តេស​ផ្តាស​ច្រើន​ពេក​នោះ​ទេ​។​

5- កុំខ្វល់ខ្វាយពីបុរសខ្លាំងពេក

តើ​អ្នក​ត្រូវ​ការ​បុរស​ម្នាក់​មក​រួម​រស់​ជា​មួយ​មែន​ទេ​? ករណី​ចម្លើយ​របស់​សុភាព​នារី​គឺ​ទេ​ម្ល៉ោះ​ហើយ អ្នក​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រឹង​បឹុង​ ហើយ​ប្រាប់​ខ្លួន​ឯង​ថា​ “អ្នក​ធ្លាប់​រស់​នៅ​លើ​លោក​នេះ​អស់​រយៈ​ពេល​ជា​យូរ​ ដោយ​ពុំ​មាន​គេ​នៅ​ក្បែរ​”​។​ ហេតុ​នេះ​ហើយ​ទោះ​បី​ជា​នៅ​លីវ​បន្ត​ទៀត​ វា​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​ស្លាប់​ដែរ​។ ​ផ្ទុយ​ទៅ​វិញ​ ករណី​ចម្លើយ​របស់​អ្នក​ គឺ​ត្រូវ​ការ​បុរស​មក​រួម​រស់​វិញ​នោះ​ សុភាព​នារី​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រឹង​បឹុង​ដូច​គ្នា​ ហើយ​មិន​ត្រូវ​ខ្វល់​ខ្វាយ​ពី​គេ​ពេក​ទេ​ព្រោះ​ប្រសិន​បើ​គូ​ស្នេហ៍​របស់​អ្នក​ស្រលាញ់ និង​បារម្ភ​ពី​អ្នក​ពិត​ប្រាកដ​មែន​ គេ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​កើត​មាន​ទុក្ខ​ និង​ក្តី​បារម្ភ​ឡើយ​។

6- លើកទឹកចិត្តខ្លួនឯង

មនុស្ស​ដែល​​មាន​កម្រិត​នៃ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ទាប​ជាង​គេ​នោះ​ គឺ​នារីៗ​។ ​ហេតុ​នេះ​ហើយ ​ដើម្បី​បង្កើន​ភាព​រឹង​មាំ​ អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជាប់​ជា​និច្ច​ ដោយ​គិត​ថា​ ខ្លួន​ឯង​ឆ្លាត​ ស្អាត​ និង​អស្ចារ្យ​ ពុំ​មែន​ឥត​ប្រយោជន៍​ និង​គ្មាន​តម្លៃ​នោះ​ទេ។​ បន្ថែម​ពី​លើ​នេះ​ អ្នក​ត្រូវ​គិត​ថា​ ខ្លួន​ឯង​មាន​តម្លៃ​ និង​សមត្ថភាព​ជា​ច្រើន​ដូច​ជាៈ​ ផ្តល់​កំណើត​ឲ្យ​កូន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​ មើល​ថែ​ផ្ទះ​សំបែង​ ធ្វើ​ម្ហូប​អាហារ​ បំពេញ​តំរូវ​ការ​ស្វាមី​ និង​ធ្វើ​ការ​ងារ​ រក​ស៊ី​ចិញ្ចឹម​គ្រួសារ​ជា​ដើម​។ ​អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​បន្ថែម​ទៀត​ថា​ មនុស្ស​ជុំ​វិញ​ខ្លួន​ត្រូវ​ការ​ និង​ស្រលាញ់​អ្នក​ប៉ុណ្ណា​។​

7- ជឿជាក់លើអ្វី ដែលខ្លួនចង់ធ្វើ

សុភាព​នារី​ត្រូវ​ខិត​ខំ និង​ព្យាយាម​បំពេញ​នូវ​កិច្ចការ​ទាំង​ឡាយ​ណា​ ដែល​ខ្លួន​ចង់​ធ្វើ​ឲ្យ​បាន​សម្រេច​ ទោះ​បី​ជា​កិច្ចការ​នោះ​ មាន​ភាព​លំបាក​កម្រិត​ណា​ក៏​ដោយ​។ ​ឧទា​ហរណ៍ៈ​ កិច្ចការ​ស្រាវ​ជ្រាវ​ទាក់​ទង​នឹង​ជម្ងឺ​មហារីក​ ការ​ប្រឡូក​ចូល​ក្នុង​នយោ​បាយ ​និង​ការ​ងារ​ក្នុង​សហ​គមន៍​ជា​ដើម។​

8- រៀបចំផែនការឲ្យបានល្អ

ក្នុង​នាម​ជា​នារី​ដ៏​រឹង​មាំ​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​ធ្វើការ​នោះ​ អ្នក​ត្រូវ​រៀប​ចំ​ផែន​ការ​ប្រចាំ​ថ្ងៃ ដោយ​កត់​ត្រា​ពេល​វេលា​ និង​កន្លែង​ណាត់​ជួប​ក្នុង​សៀវភៅ​កំណត់​ត្រា​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ដាក់​ជាប់​ខ្លួន​ជា​និច្ច​។​ ក្រោយ​ពេល​រៀប​ចំ​បាន​ត្រឹម​ត្រូវ​ហើយ​ភាព​តឹង​តែង​ក្នុង​ជីវិត​ការ​ងារ​របស់​អ្នក​ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ហើយ​បុគ្គ​ល​ផ្សេង​ទៀត ក៏​នឹង​ស្ញើច​សរសើរ​ចំពោះ​ភាព​ជោគ​ជ័យ​របស់​អ្នក​ក្នុង​តួនាទី​ និង​ការងារ​ រួម​ទាំង​ភាព​រឹង​មាំ​ ដែល​អ្នក​មាន​ផង​ដែរ​។​

9- កុំបណ្តោយឲ្យគេរំលោភបំពានលើអ្នកបាន

ដើម្បី​ជៀស​វាង​ពី​ការ​ធ្វើ​បាប​របស់​អ្នក​ដទៃ​មក​លើ​ខ្លួន​ប្រាណ​នោះ​សុភាព​នារី​ទាំង​ឡាយ​គួរ​សិក្សា​ពី​វិធី​ការ​ពារ​ខ្លួន​ រៀន​កា​រ៉ា​តេ​ ឬ​ស្វែង​យល់​ពី​របៀប​ថែរក្សា​ខ្លួន​កុំ​ឲ្យ​ទទួល​រង​ការ​បំពាន​ពី​អ្នក​ដទៃ​ជា​ដើម​។ ​ករណី​មាន​អ្នក​ណា​ម្នាក់​ចង់​លូក​លាន់​ ឬ​បំពាន​លើ​រាង​កាយ​នោះ​ សុភាព​នារី​នឹង​អាច​ការពារ​ខ្លួន​ឯង​បាន​ មុន​នឹង​រត់​ទៅ​សុំ​ជំនួយ​ពី​អ្នក​ផង​ទាំង​ពួង​។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here